បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន
កាលពីវេលាម៉ោង០៖៤៨នាទី កម្លាំងជំនាញក៧ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារងនៃអយ្យការអម្ម សាលាដំបូងខេត្តស្ទឹងត្រែង បានស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសដឹកជញ្ជូនគ្រឿងញៀននៅចំណុចស្ពានលើមេគង្គស្ថិតនៅភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមានឈ្មោះ ធុជ វណ្ណៈ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ យូ គ្រី ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងរឹបអូសបានសារធាតុញៀន ជាប្រភេទជ័រអាភៀន ទម្ងន់ ៤៧គីឡូ ២៣២ក្រាម។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធី៕ដោយ ព្រហ្ម ពៅ