ក្រុមហ៊ុន BYD គ្រោងបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី នៅចុងខែនេះ

ភ្នំពេញ ៖ ក្រុមហ៊ុន BYD Auto Industry Co., Ltd ត្រៀមរៀបចំបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី របស់ខ្លួននៅកម្ពុជា ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ចុងខែមេសានេះ នឹងគ្រោងបើកដំណើរការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ បន្ទាប់ពីការសាងសង់រោងចក្ររួចរាល់។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នេះបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd. ដឹកនាំដោយ លោក Xiao Haiping នាយកប្រតិបត្តិនៃការិយាល័យប្រធាន សម្ព័ន្ធក្រុមហ៊ុន BYD (Executive Director of BYD Group President’s Office)។
គណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសម្របសម្រួល នានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីដំណាក់កាលដំបូង នៃការចូលមកកាន់ទីផ្សារកម្ពុជា រហូត ឈានដល់ការត្រៀមរៀបចំប្រារព្ធពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុង ប្រទេសកម្ពុជា នាចុងខែមេសាខាងមុខនេះ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការជ្រើសរើសកម្ពុជាជាមូលដ្ឋាន ដំឡើងរថយន្ត BYD មួយបន្ថែមទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តម បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជា សេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល គឺតែងតែត្រៀមលក្ខណៈរួចរាល់ជាស្រេច ក្នុងការសម្របសម្រួល រាល់គ្រប់កិច្ច ការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និង អនុគ្រោះបំផុត។ ឯកឧត្តម រំពឹងថា បន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីបានសាងសង់រួចរាល់ និងដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះ អត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹងមានការកើនឡើងផងដែរ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលជាង ៣ ឆ្នាំ កន្លងមកនេះ កម្ពុជាស្រូបយករោងចក្រផ្គុំ និងដំឡើងរថយន្តរួមមាន៖ រោងចក្ររបស់ក្រុម ហ៊ុន DAEHAN AUTO (CAMBODIA), ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២ នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG ។ រោងចក្រ RMA AUTOMOTIVE (CAMBODIA) ចាប់ផ្តើមឆ្នាំ ២០២២ នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD ។ រោងចក្រ CAMKO MOTOR ចាប់ផ្តើមឆ្នាំ ២០២២ នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI ។ រោងចក្រ HGB MOTORS ASSEMBLY, ចាប់ផ្តើម ២០២៣ នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA ។ រោងចក្រ GTV MOTOR, នៅខេត្តកណ្តាល, និងរោងចក្ររបស់ TOYOTA TSUSHO MANUFACTURING ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ រាជធានីភ្នំពេញ៕ដោយ ព្រាប ស

អត្ថបទដែលជាប់ទាក់ទង