ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយ សមាគមធានារ៉ាប់រងកម្ពុជារៀបចំវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា»
ភ្នំពេញ:នាថ្ងៃទី២២ ខែមេសាឆ្នាំ២០២៥នេះ
ក្លិបអ្នកកាសែតកម្ពុជា បានសហការជាមួយ សមាគមធានារ៉ាប់រងកម្ពុជា និងនិយ័តករធានារ៉ាប់រងកម្ពុជា រៀបចំវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» ដើម្បីផ្ដល់ជាជំនួយស្មារតី ដល់ការសរសេរអត្ថបទនិងការផ្សព្វផ្សាយប្រកបដោយភាពច្បាស់លាស់ សម្រាប់អង្គភាពសារព័ត៌មានប្រមាណជា ៤០ ស្ថាប័នជាង ១០០នាក់ដែលបានចូលរួមក្នុងវគ្គនេះ។
ក្នុងឱកាសពិធីបើកវេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» នេះមានការអញ្ជើញ ចូលរួមពីសំណាក់លោក ពុយ គា ប្រធានក្លិប អ្នក កាសែតកម្ពុជា (ក.អ.ក) លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគម ធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជា និងវាគ្មិនសំខាន់ៗមួយចំនួនទៀត ចូលខ្លួនមកជជែកពិភាក្សាលើប្រធានបទស្ថិរភាពវិស័យធានារ៉ាប់រង និងការរួមចំណែកដល់សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គមនៅកម្ពុជា។
លោក នី លីហួង ប្រធានគណៈកម្មការអប់រំនៃសមាគមធានារ៉ាប់រងនៅកម្ពុជា បានលើកបង្ហាញឡើងថា សព្វថ្ងៃអតិថិជនកាន់តែមានទំនុកចិត្តចំពោះវិស័យធានារ៉ាប់រងនៅកម្ពុជាដោយក្នុងនោះមានក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងចំនួន ៤០ កំពុងប្រតិបត្តការនៅកម្ពុជាដូចជា ក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច និងក្រុមហ៊ុនធានារ៉ាប់រងបន្ត។ ទីផ្សារធានារ៉ាប់រងនៅកម្ពុជាទាំងមូលមានកំណើនប្រមាណ ៣.៥ % ក្នុងឆ្នាំ ២០២៤ និងជាមធ្យម 7.1% ក្នុងមួយឆ្នាំរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ផលិតផលធានារ៉ាប់រងទូទៅដែលបាននាំមុខគេ គឺផលិតផលធានារ៉ាប់រងទ្រព្យសម្បត្តិ អគ្គិភ័យ សុខភាព និងយានយន្តជាដើម។
ចំពោះលោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនិយ័តករធានារ៉ាប់រងកម្ពុជា បានបញ្ជាក់ថា សព្វថ្ងៃនេះសាធារណជនមានការយល់ពីវិស័យធានារ៉ាប់រងនៅកម្ពុជាលើសពីកម្រិតមូលដ្ឋានទៅហើយ ដោយពួកគេភាគច្រើនសួរដេញដោលតែលើបញ្ហាសំណងវិស័យធានារ៉ាប់រង និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលពួកគេត្រូវទទួលបានពីកញ្ចប់ធានារ៉ាប់រងដោយមិនមានក្ដីបារម្ភតែប៉ុណ្ណោះ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងឆ្នាំ ២០២១-២០៣០ និយ័តករធានារ៉ាប់រងកម្ពុជា បានផ្ដោតអាទិភាពលើសកម្មភាព ដូចជា៖ការផ្សព្វផ្សាយ ការអប់រំសាធារណជន និងការលើកកម្ពស់អក្ខរកម្មធានារ៉ាប់រង ការគ្រប់គ្រងនិងត្រួតពិនិត្យស្ថានភាពអាជីវកម្ម និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រង ការគ្រប់គ្រងនិងត្រួតពិនិត្យប្រតិបត្តិការទីផ្សារ ការពង្រឹងកិច្ចការពារអតិថិជនសម្រាប់វិស័យធានារ៉ាប់រង ការពង្រឹងក្រមសីលធម៌បុគ្គលវិជ្ជាជីវៈក្នុងវិស័យធានារ៉ាប់រង។ ពិសេសជាងនេះទៅទៀតនិយ័តករធានារ៉ាប់រងកម្ពុជាបន្តយន្តការដោះស្រាយបណ្ដឹងអតិថិនធានារ៉ាប់រងតាមប្រព័ន្ធអនឡាញន៍ ដើម្បីផ្ដល់ទំនុកចិត្ត និងភាពងាយស្រួលជូនអតិថិជនទាំងអស់។
រំលឹកថា វេទិកាពិភាក្សាសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា» បាននិងកំពុងជំរុញឱ្យអ្នកសារព័ត៌មានដើរតួនាទីសំខាន់មួយក្នុងការផ្ដល់សារត្រឹមត្រូវ និងផ្សព្វផ្សាយបន្ថែមពីអត្ថប្រយោជន៍វិស័យរ៉ាប់រងនៅកម្ពុជាដែលជាឆ្អឹងខ្នងមួយសម្រាប់ជួយសេដ្ឋកិច្ច និងសង្គមជាតិ៕ដោយ យ៉ូវ ភារម្យ