ព្រះខ័នរាជស្វាយរៀង ត្រៀមផ្ដល់ភាពងាយស្រួល និងរីករាយដល់អ្នកគាំទ្រពេលបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមមកពីប្រទេសឥណ្ឌូណេស៊ី
ភ្នំពេញ ៖ ព្រះខ័នរាជស្វាយរៀង ត្រៀមផ្ដល់ភាពងាយស្រួល និងរីករាយដល់អ្នកគាំទ្រពេលបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមមកពីប្រទេសឥណ្ឌូណេស៊ី Madura United ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League វេលាម៉ោង៧យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
ទោះបីអ្នកអ្នកគាំទ្រតម្រូវឱ្យទិញសំបុត្រចូលទស្សនាតម្លៃ៥០០០រៀល ប៉ុន្តែអ្នកគាំទ្រអាចនឹង
ទទួលបានអ្វីពិសេសលើសពីការទស្សនាបាល់ទាត់ ទៅទៀត ។ ការអញ្ជើញចូលរួមទស្សនាផ្ទាល់ជាការផ្តល់កម្លាំងចិត្តដល់ក្រុមព្រះខ័នរាជស្វាយរៀងដើម្បីស្វែងរកជ័យជម្នះបង្កើតកំណត់ត្រាថ្មី ព្រមទាំងមានឱកាសឈ្នះរង្វាន់ម៉ូតូថែមទៀត។
មិនតែប៉ុណ្ណោះក្រុមការងារព្រះខ័នរាជស្វាយរៀង បានរៀបចំជាពិសេសសម្រាប់អ្នកគាំទ្រដោយមិនឲ្យមានការលំបាកក្នុងការចូលទស្សនាដូចមុនឡើយ ។ តាមការប្រកាសរបស់ក្លិបព្រះខ័នរាជស្វាយរៀងចុះថ្ងៃទី៨ ខែមេសាឱ្យដឹងថា ក្លិបបានរៀបចំការឆែកសំបុត្រ និងស្កែនជា២៤ជួរ ។ ក្លិបបើកច្រកចូលពហុកីឡដ្ឋាន២៣ច្រកមិនតម្រូវឱ្យប្តូរសំបុត្រទៀតទេសម្រាប់E-Ticket ដោយបង្ហាញ QR Code ស្កែនចូលតែម្តង ។ សម្រាប់E-Ticket ក្រុមការងារបានព្រីនឈ្មោះ និងលេខទំនាក់ទំនងរបស់លោកអ្នកដាក់ចូលធុងឆ្នោតរួចរាល់។
ការរៀបចំវិធីសាស្ត្រថ្មីនេះឡើង បន្ទាប់ពីការប្រកួតកាលពីដើមខែមីនា ឆ្នាំ២០២៥ កន្លងទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ អ្នកគាំទ្រជាច្រើនបានជួបការលំបាកក្នុងការឈរតម្រង់ជួរ និងចំណាយពេលវេលាយូរសម្រាប់ការពិនិត្យសំបុត្រឲ្យចូលទស្សនា ដោយសារសំបុត្រដែលទិញផ្ទាល់ដៃ និងសំបុត្រ E-Ticket ទិញតាម App គឺមានការត្រួតពិនិត្យផ្សេងគ្នា ៕
ដោយ ព្រាប ស