ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ០៣នាក់ រួមនិងថ្នាំញៀនជាច្រើន
ខេត្តបាត់ដំបង៖ កម្លាំងនគរបាលជំនាញ នៃស្នងការនគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ០៣នាក់ រួមនិងថ្នាំញៀនជាច្រើន ខណៈដែលពួកគាត់ប្រើប្រាស់រូបភាពវេចខ្ចប់ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាយ៉ាងណាក៏មិនអាចគេចផុតពីមន្រ្តីជំនាញខេត្តបាត់ដំបងនោះឡើយ។ នេះបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
មុនពេលឃាត់ខ្លួនជនសង្ស័យនេះ លោកបានចុះប្រតិបត្តិការចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងទទួលបានព័ត៌មានច្បាស់ការណ៍ ទេីបឈានដល់ការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២០និង២០នាទី។
លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ បានបន្ថែមទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់ ១.ឈ្មោះ ថោង ភក្ដី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ២.ឈ្មោះ ទេព ភារក្ស ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង៣.ឈ្មោះ ពុត ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
វត្ថុតាងចាប់យក និងឆែកឆេរបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETMINE) ចំនួន ៣០ថង់ ទម្ងន់ ២៨១,៧ក្រាម ។
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង ។
-សម្ភារសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយចំនួន ។
ជនសង័្សយទាំង០៣នាក់ រួមនិងវត្ថុតាងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕