កម្លាំងសមត្ថកិច្ចស្រុករវៀង សហការគ្នាបង្ក្រាបគោយន្តដឹកឈើខុសច្បាប់ ចំនួន៣គ្រឿងបម្រុងយកទៅចែកចាយនៅខេត្តកំពង់ធំ
ព្រះវិហារ÷កម្លាំងសមត្ថកិច្ចស្រុករវៀងសហការគ្នាបង្ក្រាបគោយន្តដឹកឈើខុសច្បាប់ ចំនួន៣គ្រឿង ចេញពីព្រៃឡង់ ស្រុកឆែប ខេត្តព្រះវិហារ បម្រុងយកទុកចែកចាយនៅដេប៉ូខេត្តកំពង់ធំ។ ប្រតិបត្តិការនេះធ្វើឡើងនៅលេលាម៉ោង១២និង៣០នាទីឈានដល់ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៥ ដោយមានកម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង សហការជាមួយកម្លាំងបរិស្ថានដែនជំរកសត្វព្រៃ ព្រៃឡង់ បឹងពេរ(ស្នាក់ការរងរំចេក)ដែលដឹកនាដោយលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះដោយសារកម្លាំងសមត្ថកិច្ចមានតិច ម្ចាស់គោយន្តដឹកឈើបាននាំគ្នាបើរត់គេច តែត្រូវសមត្ថកិច្ចតាមចាប់មកវិញដោយខាងបរិស្ថានស្នាក់រំចេកចាប់បាន២គ្រឿង។គោយន្តដឹកឈើប្រភេទលេខ២ ជាឈើផ្តៀក ខ្លះប្រវែង៨ម៉ែត្រ និងខ្លះប្រវែង១០ម៉ែត្រ ហើយចំនួនឈើក្នុងមួយគោយន្តមានរហូតដល់ជាង៤ម៉ែត្រគូប។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ហើយនឹងបន្តនិតិវិធីស្រាវជ្រាវរកម្ចាស់ឈើ យកផ្តន្ទាទោសតាមច្បាប់។ ប្រភពសមត្ថកិច្ចបានឱ្យដឹងថា គោយន្តដឹកឈើចំនួន៣គ្រឿង ខាងលើ ចេញពីស្រុកឆែប ខេត្តព្រះវិហារ ដើម្បីយកទៅលក់នៅខេត្តកំពង់ធំ។ប្រភពបន្តថា ម្ចាស់ឈើមានឈ្មោះវីរៈ ជាឈ្មួញឈើដុះស្លែប្រចាំខេត្តព្រះវិហារ។ ប្រភពបន្តថា ការដឹកជញ្ជូនឈើដោយរលូនបែបនេះគឺឈ្មួញឈើខាងលើបានទំនាក់ទំនងបង់លុយថ្លៃផ្លូវដឹកជញ្ជូនជាមុនទើបអាចដឹកឈើខាងលើចេញបាន៕ដោយinter07