វិស័យធានារ៉ាប់រងផ្តល់សំណងជូនអតិថិជន $៩១ លាន នៅឆ្នាំ ២០២៤

បាត់ដំបង:ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នៅកម្ពុជាបានផ្តល់សំណងជូនអតិថិជនរបស់ខ្លួនដែលជួបនូវហានិភ័យ មានទឹកប្រាក់សរុបចំនួន ៩១ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃសមាគមធនារ៉ាប់រងកម្ពុជា (IAC)។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងនៅក្នុង ទិវាធានារ៉ាប់រង ២០២៥” នៅខេត្តបាត់ដំបង នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥ថា នៅក្នុងឆ្នាំ ២០២៤ សំណងធានារ៉ាប់រងសរុបចំនួន ៩១ លានដុល្លារអាមេរិក ត្រូវបានទីផ្សារធានារ៉ាប់រងទូទាត់ជូនទៅបុគ្គល និងធុរកិច្ច ដែលជួបប្រទះ និងហានិភ័យ ក្នុងនោះទឹកប្រាក់សំណងប្រមាណ ៥៣ លានដុល្លារ ត្រូវបានទូទាត់ក្រោមបណ្ណសន្យារ៉ាប់រងយានយន្ត, ទ្រព្យសម្បត្តិ ឬអគ្គិភ័យ, ធានារ៉ាប់រងសុខភាព, គ្រោះថ្នាក់បុគ្គល នាវា ការដឹកជញ្ជូន វិស្វកម្ម និងហានិភ័យផ្សេងៗ។
លោក ហ៊ុយ វ៉ាថារ៉ូ បន្ថែមថា ទឹកប្រាក់សំណង ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច បានទូទាត់ជូនអតិថិជនរបស់ខ្លួន ក្រោមបណ្ណសន្យាធានារ៉ាប់រងអាយុជីវិត មានរហូតដល់ទៅ ៣៥ លានដុល្លារអាមេរិក ភាគច្រើននៃសំណងទាំងនោះ ត្រូវបានទូទាត់សម្រាប់អត្ថប្រយោជន៍ដល់កាលកំណត់ នៃបណ្ណសន្យារ៉ាប់រង និងករណីមរណភាព និងពិរភាព។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា វិស័យធានារ៉ាប់រង កំពុងរីកចម្រើនក្នុងសន្ទុះមួយយ៉ាងខ្លាំងក្លា ដោយរក្សាបាននូវកំណើនវិជ្ជមានជាមធ្យមប្រមាណ ២០% ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។
ជាក់ស្ដែងក្នុងឆ្នាំ ២០២៤ ទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងដល់ប្រមាណ ៣៥៧ លានដុល្លារ នៃបុព្វលាភធានារ៉ាប់រងដុល និងបានផ្ដល់ការធានាជូនប្រជាពលរដ្ឋប្រមាណ ១,៧ លាន បណ្ណសន្យារ៉ាប់រង ជាទឹកប្រាក់ធានាចំនួនជាង ៨៥ ពាន់លានដុល្លារ។
គិតត្រឹមដំណាច់ឆ្នាំ ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់បានវិនិយោគទឹកប្រាក់ចំនួន ៨១៩ លានដុល្លារ ក្នុងសេដ្ឋកិច្ចកម្ពុជា ក្នុងនោះ ៩០% ត្រូវបានវិនិយោគតាមរយៈការដាក់ជាប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ៕

អត្ថបទដែលជាប់ទាក់ទង